ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូកាលពីថ្មីៗនេះ ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នេះ។
កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈចំនួន៤ រួមមាន៖
១-មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន
២-ការត្រៀមរៀបចំនូវគំនិតផ្តួចផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២
៣-ដំណើរការប្រព្រឹត្តទៅនៃអនុគណៈកម្មការនីមួយៗក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ
៤-បញ្ហាផ្សេងៗ ដែលធ្វើឡើងដើម្បីកម្ពុជាត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ពិសេសក្នុងការឈានទៅសម្រេចបាននូវកិច្ចការក្រោមសរសរស្តម្ភសេដ្ឋកិច្ចរបស់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងពន្លឿននីតិវិធីក្នុងស្រុកសម្រាប់ឈានទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមាន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ។ ក្រៅពីនេះ ក្រសួងក៏បាននឹងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចាកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត (រួមមានជប៉ុន ឥណ្ឌា…) នៅពេលការសិក្សាបានបញ្ចប់។ ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។