ខេត្តសៀមរាប៖ មនុស្សចំនួន២នាក់ ត្រូវជាប្ដីប្រពន្ធនឹងគ្នា បន្ទាប់ពីអ្នកទាំង២ ត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់នឹងការនាំមនុស្សទៅធ្វើការនៅប្រទេសថៃដោយខុស្សច្បាប់បានសម្រេចឃុំខ្លួនបណ្តោះអាសន្នសិន។
បើតាមមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់នាំមនុស្សខុសច្បាប់នេះមានឈ្មោះឈឹង លី ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្ដី និងទី២- ឈ្មោះអាំ ព្រមម ភេទ ស្រី អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅភូមិរវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អ្នកទាំង២នាក់ ត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ពីបទការនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប្រចាំព្រំដែនខេត្តបន្ទាយមានជ័យ បានឃាត់ដំណើរពលករខ្មែរបានចំនួន០៩នាក់ ក្នុងនោះប្រុសចំនួន០២នាក់ ដែលធ្វើដំណើរចេញពីភូមិរវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បំណងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីប្រទេសថៃ ដើម្បីរកការងារធ្វើ ប៉ុន្តែទៅដល់ម្តុំច្រកចម្ការចេកបម្រុងឆ្លងចូលទឹកដីថៃ ត្រូវបានសមត្ថកិច្ចព្រំដែនឃាត់ខ្លួន ហើយចាប់បញ្ជូនពលករទាំង០៩នាក់ មកខេត្តសៀមរាបវិញ ដោយឲ្យស្នាក់នៅទីកន្លែងធ្វើចត្តាឡីស័ក ក្នុងបរិវេណសាលាបឋមសិក្សាវត្តស្វាយ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ដើម្បីធ្វើការស្រាវជ្រាវរកមេខ្យល់ ដែលបានដឹកនាំក្រុមពលករឆ្លងដែនដោយខុសច្បាប់នោះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅជួបសម្ភាសន៍ពលករ ហើយតាមការបំភ្លឺរបស់ពលករក្នុងក្រុមនេះ បានឲ្យដឹងថា ពួកគាត់គឺពិតជាមានបំណងលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើនៅប្រទេសថៃ តាមរយ:មនុស្សចំនួន០២នាក់ប្តីប្រពន្ធ គឺប្តីឈ្មោះ ឈឹង លី អាយុ ៣៧ឆ្នាំ និង ប្រពន្ធឈ្មោះ អាំ ព្រម អាយុ ៣៦ឆ្នាំ ដោយអ្នកទាំង២ បានប្រាប់ពួកគាត់ថា ឥឡូវនេះគេអាចធ្វើដំណើរចូលទៅធ្វើការនៅថៃបានហើយ គឺការងាររើសពងមាន់ មួយថ្ងៃបាន៣០០បាទ និងក្នុងមួយខែ ៩.០០០បាទ។ ផ្អែកតាមការសម្ភាសពលករទាំង០៧នាក់ និងចម្លើយរបស់ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ ពិនិត្យឃើញមានពិរុទ្ធភាពគ្រប់គ្រាន់ក្នុងបទល្មើសការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ។
សមត្ថកិច្ចជំនាញនគរបាលខេត្ត បានរៀបចំកាសាងសំណុំរឿងបញ្ចូនទៅតុលាការខេត្តកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ប៉ុន្តែដោយសារអ្នកទាំងពីរនាក់នេះកំពុងធ្វើចត្តាឡីស័ក ដូច្នេះត្រូវរង់ចាំការធ្វើចត្តាឡីស័កចប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ទើបធ្វើកំណត់ហេតុឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
នេះជាករណីលើកទី០១ សម្រាប់ឆ្នាំ២០២១នេះ ដែលខេត្តសៀមរាបសម្រេចបានក្នុងការងារគ្រប់គ្រង ស្រាវជ្រាវ និង បង្ក្រាបបទល្មើស នៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយ:មេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីខណៈដែលឆ្នាំ២០២០កន្លងទៅនេះ សម្រេចបានចំនួន០៧ករណី៕