ភ្នំពេញ ៖ ពិតជាអាសូរណាស់ស្ត្រីជាសន្តិសុខយាមកាមរោងចក្រម្នាក់ឆ្លៀតពេលទំនេរម៉ោងការងារក៏បានជិះម៉ូតូដើរលក់ទឹកសណ្ដែកបន្ថែមទៀតដើម្បីបំពេញតម្រូវការជីវភាពខ្វះខាតប្រចាំថ្ងៃរួមទាំងខ្លួនមានជំងឺបេះដូងប្រចាំកាយផង និងដោយសារហត់នឿយពេក បានដួលសន្លប់បង្កការភ្ញាក់ផ្អើលដល់គេឯងកាលពីវេលាម៉ោង៦និង៤០ នាទីព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅជិតនឹងអតីតក្លឹបកំសាន្តរ៉ុកតាមផ្លូវព្រះ មុនីវង្សស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើនេះមានឈ្មោះ ញន រចនា អាយុ ៣៣ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុនឯកជនស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតភូមិ ច្រកម្រាក ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានជម្រាបឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីខាងលើជិះម៉ូតូម៉ាកហុងដាវ៉ែវពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង1N 6795 ដោយដឹកធុងលក់ទឹកសណ្ដែកតាមម៉ូតូទៀតផង ។ លុះដល់ដល់ចំណុចកើតហេតុ ស្ត្រីរូបនេះក៏បានអែមម៉ូតូទៅកៀនផ្លូវរួចអង្គុយចុះហើយពេលនោះដោយឃើញមានអាកា រៈមិនស្រួល ត្រូវបានគេសួរនាំខណៈនោះស្រ្តីរូបនេះបានឆ្លើយថា « គាត់មានជំងឺបេះដូងហើយគាត់លេបថ្នាំដោយមិនបានហូបបាយឬចំណីអ្វីទេ» និយាយហើយបានដួលសន្លប់ បាត់ស្មារតីតែម្តង ។
មួយសន្ទុះក្រោយមកស្ត្រីរងគ្រោះបានដឹងខ្លួនវិញហើយងើប អង្គុយទាំងទឹកមុខស្រងូតស្រងាត់ និងបាននិយាយថា គាត់បានចេញពីលក់ទឹកសណ្ដែក នៅម្តុំផ្សារថ្មីក្នុងគោលបំណងទៅយាមកាមរោងចក្រនៅម្តុំចាក់អង្រែខណ្ឌមានជ័យបន្ត ទៀតតែដោយសារគាត់មានជំងឺបេះដូងធ្វើទុក្ខក៏យកថ្នាំមកលេបទាំងមិនបានញ៉ាំអាហារ ហើយណាមួយរូបគាត់មិនបានសម្រាកគ្រប់គ្រាន់ផងនោះទើបធ្វើឱ្យអត់មានកម្លាំងទប់ ជាមួយនឹងថ្នាំមិនបានក៏ដួលសន្លប់តែម្តងទៅ ។ ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានអង្គុយឱ្យមានកម្លាំងបន្តិចរួចហើយក៏បន្តជិះម៉ូតូ ទៅមុខទៀតដើម្បីទៅកន្លែងធ្វើការរបស់ខ្លួនជាបន្តទៀត ៕