ខេត្តបាត់ដំបង ៖ សមត្ថកិច្ច ខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ ចំនួន ២នាក់ ក្នុងភូមិសាស្រ្ត ក្រុមទី៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
ជនសង្ស័យ២នាក់ មាន ឈ្មោះ ឡេង សម្បត្តិ ហៅ វេង ខ្លី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំ រៀង ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ៣កញ្ចប់ មានទម្ងន់ ២៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ), ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួន ១០០៦ក្រាប់ មានទម្ងន់ ៨៧,៣២ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម, ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន ២០គ្រាប់ មានទម្ងន់ ៣,៩២ក្រាម, រថយន្តចំនួន ១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837។
សូមបញ្ជាក់ថា ក្នុងករណីបង្រ្កាបបានថ្នាំញៀនដ៏ធំនេះ សមត្ថកិច្ចបានរកឃើញថ្នាំញៀនសរុបទម្ងន់ ៣១៣២,២០ក្រាម (ថ្នាំសុទ្ធ)។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់វិធានការតាមច្បាប់៕