ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា គិតមកដល់ខែឧសភា ត្រីប្រមាណជាង១ម៉ឺនតោន កំពុងកកស្ទះនៅក្នុងស្រះ មិនអាចចេញលក់បានដោយសារគ្មានទីផ្សារសម្រាប់លក់ចេញ បើទោះបីជាក្នុងអំឡុងពេលបិទខ្ចប់នៅរាជធានីភ្នំពេញនេះ គេសង្កេតឃើញមានតម្រូវការត្រីក៏ដោយ។
លោក សុថា វ៉ារិទ្ធ អ្នកអភិវឌ្ឍនៃសមាគមវារីវប្បករកម្ពុជា បានឲ្យដឹងនៅថ្ងៃទី០៣ឧសភានេះថា កាលពីខែមេសា ត្រីដល់ពេលត្រូវចាប់មានប្រមាណជាង៥ពាន់តោន និង ខែឧសភា មានចំនួនជិត៥ពាន់តោនទៀត ដែលសរុបមានចំនួនជាង១ម៉ឺនតោន ត្រូវកក់ស្ទះនៅក្នុងស្រះមិនអាចបញ្ចេញលក់បាន។ការកកស្ទះដោយសារភោជនីយដ្ឋានមួយចំនួនបានបិទ ព្រមទាំងពិធីនានាដូចជាបុណ្យទាន ការរៀបអាពាហ៍ពិពាហ៍ បានផ្អាក ខណៈការនាំចូលត្រីពីប្រទេសជិតខាងមានចំនួនច្រើន និងមានតម្លៃថោកជាងត្រីក្នុងស្រុក ដែលធ្វើឱ្យត្រីក្នុងស្រុកកកស្ទះ។ ត្រីដែលនៅសល់ពេលចាប់លក់រួមមាន ត្រីប្រាចំនួន៧២៥៩តោន, ត្រីឆ្តោ ចំនួន១៨៥៨តោន, ត្រីពោ ចំនួន៨៩៣តោន, ត្រីអណ្តែង ចំនួន១៥៥តោន, និងត្រីប្រមាណ១៩១តោនទៀតដូចជា ត្រីឆ្ពិន ទីឡាព្យ៉ា ក្រាញ់ និងត្រីធម្មជាតិ។
សមាគមវារីវប្បករវប្បករនៅកម្ពុជា បានស្នើដល់ក្រសួងពាក់ព័ន្ធទាំងបីរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តរឹតបន្តឹងការគ្រប់គ្រង់ត្រី នាំចូលឱ្យបានម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការជាក់លាក់ដូចជាកំណត់ចំនួនកូតានាំចូលឱ្យបានច្បាស់លាស់ និងជំរុញឱ្យការនាំចូលត្រី មានការបង់ពន្ធពិតប្រាកដ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានីភ័យរបស់វារីវប្បករនៅកម្ពុជា។
សមាគមនេះ បានបញ្ជាក់ថា ដោយសារតែបញ្ហាទីផ្សារ អ្នកចិញ្ចឹមត្រីមួយចំនួនដែលចាប់ត្រីពីស្រះអស់ មានការរារែកជាខ្លាំងក្នុងការរៀបចំផែនការដាក់កូនត្រីចិញ្ចឹមបន្តទៀត ដោយសារតែកន្លងមកអ្នកចិញ្ចឹមបានលក់ត្រីចេញពីស្រះតម្លៃទាបជាងថ្លៃដើមផលិត។