ខេត្តស្វាយរៀង ៖ ចាស់ហើយមិនគិតវត្តវ៉ា បែរជាទៅប្រព្រឹត្តអំពើដ៏ឆ្កួតលីលា ដែលសង្គមស្អប់ខ្ពើម ដោយបុរសវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់រហូតបានសម្រេចតាមពាក្យបណ្ដឹងរបស់ឪពុកក្មេងស្រីរងគ្រោះ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសសង្ស័យមានឈ្មោះសាង វ៉ាង ហៅ ជូញ អាយុ៧០ឆ្នាំ មុខរបរកសិកររស់នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្រ្ទា។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ ១៤ ឆ្នាំរស់នៅស្រុកចន្ទ្រា។
ប្រភពបន្តថា កាលពីល្ងាចថ្ងៃទី១ ខែឧសភាឆ្នាំ២០២១ ប្រជាពលរដ្ឋឈ្មោះ អូម ព្រីង ភេទប្រុស បានទូរស័ព្ទប្តឹងទៅលើបុរសសង្ស័យឈ្មោះ សាង វ៉ាង ហៅ ជូញ បានរំលោភសេពសន្ថវ:ទៅលើកូនស្រីរហូតបានសម្រេច។
ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទួលស្ដី បានចុះដល់កន្លែងកើតហេតុហើយសួរនាំបុរសសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងស្រីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចន្ទ្រាចាត់ការបន្តតាមច្បាប់៕