ខេត្តបាត់ដំបង៖ យុវជនម្នាក់ ធញលាប់ជាប់គុក ចំនួន៣លើករួចមកហើយ ចេញមកមិនរាងចាល នៅតែប្រព្រឹត្ត ទង្វើរចាស់ដដែល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មី កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលអាចជាប់គុកជាលើកទី០៤ ពាក់ព័ន្ធនឹងអំពើចោរកម្ម(គាស់ទ្វាររថយន្ត)។
លោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចឹក បូរ៉ា អាយុ២១ឆ្នាំ នៅភូមិកាប់គោថ្មី សង្កាត់អូរចាំ ក្រុងបាត់ដំបង។
លោកឈឿង គឹមសុង បានប្រាប់ពីប្រវត្តិប្រព្រឹត្តបទល្មើស និងប្រវត្តិជាប់គុករបស់ជននេះថា «ជនដៃដល់ឈ្មោះ ចឹក បូរ៉ា នេះធ្លាប់ជាប់គុកចំនួន០៣លើកមកហើយ។ លើកចុងក្រោយ ជននេះចេញពីគុកទើបបានប្រហែល០២ខែប៉ុណ្ណោះ ស្រាប់តែធ្វើសកម្មភាពលួចជាថ្មី ហើយត្រូវកម្លាំងរបស់លោកចាប់បានទៀត ដែលអាចត្រូវចូលគុកវិញជាលើកទី០៤»។
បើយោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា អតិតទណ្ឌិត ឈ្មោះចឹក បូរ៉ា បានគាស់កំទេចសោរ រួចលួចយកបានកាបូបមួយដែលម្ចាស់ទុកក្នុងរថយន្ត។ សម្ភារនៅក្នុងកាបូបនោះមានដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក. ប័ណ្ណបើកបរ០១សន្លឹក. បណ្ណសម្គាល់យានយន្ត០២សន្លឹក. កាត ATM ចំនួន០៣សន្លឹក និង រូបចម្លាក់ព្រះចំនួន០៣អង្គ តែមិនមានបាត់បង់លុយកាក់ទេ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគាស់ទ្វាររថយន្តលួចយកកាបូបផ្ទុកសម្ភារ:ទាំងនេះមែន តែមិនមានលុយឬរបស់មានតំលៃក្រៅពីនេះទេ។ ជននេះបានប្រាប់ថា កាបូបនិងរបស់របរទាំងអស់នៅក្នុងការបូបនោះ ខ្លួនបានយកទៅបោះចោលនៅលើ«សួនច្បារព្រែកមហាទេព» ដោយមិនបានដកហូតអ្វីទុកទេ។
លោក ឈឿង គឹមសុង បាននិយាយថា បន្ទាប់ពីត្រូវឃាត់ខ្លួន លោកស្នងការក៏បានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យរបស់លោក នាំជននេះទៅបង្ហាញកន្លែងបោះចោលវត្ថុតាង តែរកមិនឃើញទេ ដែលទំនងមានអ្នករើសយកបន្តបាត់ទៅហើយ។ ប៉ុន្តែយ៉ាងណាក្ដី ពេលនេះមន្ត្រីជំនាញកំពុងសួរនាំអតិតទណ្ឌិតរូបនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការជាលើកទី០៤៕