ភ្នំពេញ ៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងនូវក្តីក្រៀមក្រំដ៏ក្រៃលែង ចំពោះមរណភាពនៃឧបាសក ខៀវ សាន ជាលោកឪពុក បង្កើតរបស់លោកសន្តិបណ្ឌិត ដែលបានទទួលអនិច្ចកម្មទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។
ក្នុងលិខិតចូលរួមរំលែកមរណទុក្ខនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក អ៉ឹម ឈុនលឹម បានគូសបញ្ជាក់ថា មរណភាពឧបាសក ខៀវ សាន គឺជាការបាត់បង់លោកឪពុក លោកឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់នៃក្រុមគ្រួសាររបស់លោកសន្តិបណ្ឌិត។
ក្នុងឱកាសដ៏សោកសៅ លោក អ៉ឹម ឈុនលឹម និងភរិយា ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រី រាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សូមចូលរួមមរណទុក្ខជាមួយលោកសន្តិបណ្ឌិត និងលោកភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់ឧបាសក ខៀវ សាន បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕