ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសឲ្យសាធារណជនប្រយ័ត្នចាញ់បោកចំពោះជនខិលខូចមួយចំនួនដែលបានបន្លំខ្លួនធ្វើជាមន្ត្រីឥណទាន ទូរស័ព្ទ ទៅកាន់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុធ្វើការបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមសូមជូនដំណឹងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចុះថ្ងៃទី២៧មេសានេះបានឲ្យដឹងថាក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានទូរសព្ទទៅកាន់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបន្តថាដើម្បីចៀសវាងការចាញ់បោកជនខិលខូចទាំងនោះ សមាគមសូមលើកទឹកចិត្តដល់អតិថិជន និងសាធារណជនធ្វើការបង់ប្រាក់ តាមរយៈលេខទូរសព្ទរបស់មន្ត្រីឥណទាន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថានដែលនៅជិតលោកអ្នកបំផុត។
ទន្ទឹមនឹងនេះលោកអ្នកក៏អាចធ្វើការទូទាត់សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking) ឬតាមរយៈមាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថាក្នុងករណីសង្ស័យ សូមទូរសព្ទជាបន្ទាន់ទៅកាន់គ្រឹះស្ថានដើម្បីធ្វើការផ្ទៀតផ្ទាត់ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់ជនណាម្នាក់ដែលអះអាងថាខ្លួនជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុដែលលោកអ្នកបានខ្ចីប្រាក់៕