ខេត្តរតនគិរី ៖ បុរសជាជនសង្ស័យ ដែលបានបាញ់ សម្លាប់កម្មករ ម្នាក់នៅក្នុង ចំការកៅស៊ូនោះ គឺជាថៅកែរបស់ជនរងគ្រោះ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យ ដែលសមត្ថកិច្ចបញ្ជូនខ្លួន រួមទាំងវត្ថុតាងអាវុធខ្លី ១ដើម ម៉ាក្ស CF98 បង់មួយមានគ្រាប់ ៤គ្រាប់ សំបកគ្រាប់បាញ់ហើយចំនួន៥ និងរថយន្តមួយគ្រឿង ទៅតុលាការនោះ មានឈ្មោះ លី ថេងជាង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីយោធា មានស្រុកកំណើតនៅភូមិដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្ន នៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២.៣០ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានការផ្ទុះអាវុធចំនួន ៥គ្រាប់ ដែលខ្មាន់កាំភ្លើងជាមន្ត្រីយោធាម្នាក់ និងជាម្ចាស់ចម្ការកៅស៊ូ បានបាញ់សម្លាប់បុរសម្នាក់ជាកម្មកររបស់ខ្លួន នៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិគងយុ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បណ្ដាលឱ្យរងរបួសធ្ងន់ ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ជនរងគ្រោះរូបនេះក៏បានស្លាប់បាត់បង់ជីវិតតែម្ដង។ សពបុរសកម្មករ ត្រូវថៅកែបាញ់សម្លាប់នោះមានឈ្មោះ រឹម ចន្ថា អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់។
បើទោះជាយ៉ាងណា ចំពោះមូលហេតុ ដែលបណ្ដាលឲ្យឈានដល់ការបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ នៅជាអាថ៌កំបាំងនៅឡើយទេ។ ពីព្រោះមិនទាន់មានប្រភពជាក់លាក់ណាមួយ ហើយសមត្ថកិច្ចក៏មិនបានបញ្ជាក់ពីមូលហេតុនៃអំពើឃាតកម្មនោះ យ៉ាងណាដែរ។ គ្រាន់តែប្រភពខ្លះខ្មាន់កាំភ្លើងចោទថា ជនរងគ្រោះចង់វាយកញ្ចក់រថយន្តរបស់ខ្លួន និងញៀនថ្នាំ៕