ខេត្តបន្ទាយមានជ័យ ៖ បុរសជា ឪពុកចុង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពីបទរំលោភកូនចុងរបស់ខ្លួនអាយុ១០ឆ្នាំ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ ចាន់ រៈយ៉ា ហៅព្រឹម អាយុ៤៤ឆ្នាំ។ ជននេះកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ត្រូវបានម្តាយកុមារីរងគ្រោះឈ្មោះ យ ច រ អាយុ ១០ឆ្នាំ ដែលត្រូវជាប្រពន្ធជនសង្ស័យ បានប្តឹងសមត្ថកិច្ច ឲ្យចាប់ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្មពួក។
ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ពីបទរំលោភសេពសន្ទៈលើអនីតិជន(កូនចុងរបស់ខ្លួន) នៅនឹងផ្ទះរបស់ខ្លួន ខណៈក្មេងស្រីរងគ្រោះនៅចាំផ្ទះម្នាក់ឯង ដោយម្តាយរវល់នៅរើសស្វាយទុំនៅខាងកើតផ្ទះ ចម្ងាយ ១.០០០ម៉ែត្រ ហើយឲ្យជនសង្ស័យជាប្តីដឹកស្វាយទុំមកផ្ទះមុន។
លោកអធិការនគរបាលស្រុកថ្មពួកបានបញ្ជាក់ថា៖ ក្រោយពីឪពុកចុងបានធ្វើសកម្មភាពមកលើខ្លួនរួច កុមារីរងគ្រោះបានរត់យំមកប្រាប់ម្តាយដោយរៀបរាប់អំពីទង្វើដ៏លាមករបស់ឪពុចុងតិរច្ឆានត្រីឆ្តោរស៊ីកូនឯង បានប្រព្រឹត្តមកលើខ្លួន បន្ទាប់មកស្ត្រីជាម្តាយបានប្តឹងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ នៅឈរជើងជិតនោះ ឃាត់ខ្លួនឪពុកចុងនេះតែម្តង។
ជនសង្ស័យត្រូវបានមន្ត្រីនគរបាលជំនាញ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះហើយ៕