ភ្នំពេញ ៖ “ក្រសួងសាធារណការ និងដឹកជញ្ជូន មិនមានគោលការណ៍ ឬច្បាប់ណា ដែលអនុញ្ញាតអោយប្រើប្រាស់ប្រភេទស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនរបៀបនេះទេ” នេះបើតាការបញ្ជាក់ ពី លោក គង់ វិមាន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះរូបភាពស្លាករថយន្ត នៅលើហ្វេសប៊ុក នាថ្ងៃទី២៣ មេសា ២០២១នេះ។
នាយខុទ្ទកាល័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នេះជាស្លាកលេខក្លែងក្លាយ ដែលអ្នកប្រើប្រាស់ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្ស ។ លោក បានស្នើអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ មីនា ២០២០ កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រកាសហើយថា ផ្លាកសម្គាល់រថយន្ត «កម្ពុជា-ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម» គឺខុសច្បាប់ ផ្ទុយពីស្មារតីអនុក្រឹត្យ លេខ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។
ម្ចាស់រថយន្តដែលមានភិនភាគ ខាងលើ ត្រូវដកផ្លាកលេខនេះចេញជាបន្ទាន់ ! រួចធ្វើការចុះបញ្ជីបំពាក់ផ្លាកលេខស្របច្បាប់ ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែតាំងពីពេលនោះមកជាង១ឆ្នាំហើយ រហូតមកដល់ពេលថ្មីៗនេះ បែរជារថយន្តស្លាកលេខខុសច្បាប់នេះ បន្តធ្វើចរាចរតាមដងផ្លូវយ៉ាងរំភើយ៕