ខេត្តបាត់ដំបង ៖ ប្រទះឃើញ បុរសម្នាក់ដេកស្លាប់នៅក្បែរផ្លូវចូលភូមិមួយកន្លែង ដែលមានស្នាមរបួសខ្លះៗផង កាលពីម៉ោងជាង៦ព្រឹក ថ្ងៃទី២៣មេសា ស្ថិតត្រង់ចំណុចក្បែររបងស្នាក់ការគយចល័ត (ហុងឡុង) ស្ថិតក្នុងភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល តែសមត្ថកិច្ចហាក់មិនទាន់ធ្វើការសន្និដ្ឋាននៅឡើយទេ។
ជនរងគ្រោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណ នៅឡើយទេ មានវ័យជាង៣០ឆ្នាំ តែអ្នកភូមិ ធ្លាប់បានប្រទះឃើញបុរសនោះ ដើរនៅតាមដងផ្លូវជាតិលេខ៥ នៅតំបន់នោះ ដែលគេសង្ស័យជាជនអានាថា ដែលគ្មានជម្រកស្នាក់នៅពិតប្រាកដ។
មន្ត្រីប៉ុស្តិ៍រដ្ឋបាលអូរតាគី ដែលបានចុះពិនិត្យសាកសពដំបូងបាននិយាយថា ជនរងគ្រោះដែលដេកស្លាប់មានស្នាមរបួសលើរាងកាយខ្លះៗនោះ ជាជនអនាថា ដែលគេបានប្រទះឃើញនៅពេលថ្ងៃ ឈរនៅម្ដុំការដ្ឋានសាងសង់ផ្លូវ(ម្ដុំផ្លូវបំបែក) នៅក្បែរនោះ។ មន្ត្រីដដែលនិយាយថា នៅវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី២២ មេសា មានគេរាយការណ៍ថា ជននេះបានឈរនៅទៅនោះ ហើយគប់កញ្ចក់រថយន្តអ្នកដំណើរ ទើបមន្ត្រីប៉ុស្ដិ៍ និងកម្លាំងប្រជាការពារចុះទៅមើល និងបានដេញជននោះឲ្យចាកចេញពីនោះ ដើម្បីកុំឲ្យបង្កបញ្ហានៅទីនោះមុនពេលកើតហេតុ ម្យ៉ាងជននេះ ហាក់ដូចជាស្រវឹងស្រាឡើងជោកជាំទៅហើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៣ មេស ស្រាប់តែគេប្រទះឃើញជននេះដេកស្លាប់នៅក្បែរផ្លូវតូចមួយ ចម្ងាយពីផ្លូវជាតិប្រហែល៥០ម៉ែត្រ។
មន្ត្រីបច្ចេកទេស បានចុះពិនិត្យសាកសពយ៉ាងហ្មត់ចត់ដែរ តែមិនទាន់ហ៊ានវាយតំលៃថា តើជនរងគ្រោះ ស្លាប់ដោយអំពើឃាតកម្ម ឬ ស្លាប់ដោយសារអ្វីឲ្យប្រាកដនោះដែរ ? ប៉ុន្តែយ៉ាងណាមន្ត្រីជំនាញ បាននិងកំពុងស៊ើបអង្កេតលើករណីនេះនៅឡើយ៕