ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីប្រកាសអំពីការមិនផាកពិន័យ និងផ្តាច់ការផ្គត់ផ្គង់ទឹកជូនដល់ពលរដ្ឋនោះទេ បើទោះជាអ្នកប្រើប្រាស់មិនទាន់បង់សេវានេះក្នុងអំឡុងពេលបិទខ្ទប់នេះ ដើម្បី ចូលរួមចំណែកជួយសម្រួលដល់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលការបិទខ្ទប់ភូមិសាស្រ្តរាធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប៉ុន្តែ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានអំពាវនាវឲ្យអ្នកដែលមានលទ្ធភាពចូលរួមបង់សេវាឲ្យបានទាន់ពេល តាមរយៈសេវាទូទាត់អេឡិចត្រូនិច តាមលទ្ឋភាពដែលអាចធ្វើទៅបាន។
សូមជម្រាបថា បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងដល់ ៧៥៦.០០០ម៣/ថ្ងៃ ដែលលើសពីសមត្ថភាពផលិតមានត្រឹមតែ ៦០០.០០០ម៣/ថ្ងៃ។ ដើម្បីបំពេញនូវតម្រូវការនៃការកើនឡើងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាន និងកំពុងខិតខំប្រឹងប្រែងពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣៕