ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងយាមនៅគោលដៅ បណ្តាលរងរបួសធ្ងន់ស្រាល ២នាក់ បន្ទាប់ពីត្រូវ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រួចជិះរត់គេចខ្លួន ទៅបុកបារាស់ កាលពីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចគោលដៅរបស់កម្លាំងសមត្ថកិច្ចអនុវត្តបម្រាមគោចរ ក្បែរស្តុបវត្តនាគវន្ត តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1G-5157 ធ្វើដំណើតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ខណ:ពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ឃើញជនរងគ្រោះដែលជាស្ត្រីអ្នកអនាម័យរបស់ក្រុមហ៊ុនស៊ិនទ្រីកំពុងបំពេញការងារនៅគ្រោមស្ពានអាកាស ៥មករា បណ្តើរ និយាយទូរស័ព្ទបណ្តើរ ម៉ាកOPPO ដោយជនសង្ស័យឃើញក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូរត់គេចខ្លួន ។
ប្រភពបានបន្តថា ខណ:ពេលមកដល់ចំណុចគោលដៅអនុវត្តបម្រាមគោចរ របស់កម្លាំងសមត្ថកិច្ចត្រង់ចំណុចស្តុបវត្តនាគវ័ន្ត កម្លាំងសមត្ថកិច្ចព្យាយាមបង្អាក់ដំណើគេចខ្លួនរបស់ជនសង្ស័យ ត្រូវបានជនសង្ស័យជិះម៉ូតូបុកបារាស់រះត្រូវសមត្ថកិច្ច២នាក់កំពុងឈរក្បែរនោះពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់និងស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ រីឯជនសង្ស័យដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ក៏នាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សាដេប៉ូទី៣ ដើម្បីសួរនាំ និង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទកម្លាំងសមត្ថកិច្ចប្រគល់ទៅឱ្យជនរងគ្រោះវិញផងដែរ៕