ភ្នំពេញ ៖ យោងតាមលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ ដែលបណ្ដាញព័ត៌មាន ទទួលបានបង្ហាញថា មន្ដ្រីយោធាឈ្មោះ ខៀវ ចាន់សុភក្រ្ដា ជាមនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្តប្រាកដមែន ហើយតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ។ ដោយសារមន្ដ្រីយោធារូបនេះ ធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និងកូន ហើយក្រោយមានហេតុការណ៍ដ៏រន្ធត់នេះ ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត រហូតបានលែងលះគ្នាទៀត។
សូមបញ្ជាក់ថា អំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។
ទោះបីជាយ៉ាណាក៏ដោយ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ថ្លែងថា លោកមិនទាន់សម្រេចយ៉ាងណានោះទេ ពោលទុកឲ្យស្ថាប័នតុលាការជាអ្នកសម្រេចតាមផ្លូវច្បាប់ ក្រោយពេលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។
គួរជម្រាបថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាប់វាយខ្នោះមន្រ្តីយោធារូបនេះ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។ សម្រាប់ជនសង្ស័យដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕