ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួក បានឃាត់ខ្លួន ជនសង្ស័យជាមេខ្យល់ម្នាក់ បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបន្តទៅសាលាដំបូង តាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ នឹម វណ្ណា ភេទប្រុសអាយុ៦៨ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនរូបនេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានធ្វើការឃាត់ខ្លួនជាមួយនិងពលករខ្មែរប្រុស ស្រី ចំនួន០២នាក់ មានឈ្មោះ តោ សូរិយ៉ា ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាត បឹម ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជាមួយគ្នា ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រកស្តុកស្តោរ ក្នុងភូមិសាស្ត្រឃុំគោករមៀង ស្រុកថ្មពួក រួចបានបញ្ជូនខ្លួនទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ។
លោកអធិការបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ នឹម វណ្ណា ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកពលករប្រុស ស្រី ទាំង០២នាក់ នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក៕