ភ្នំពេញ ៖ យុវជនម្នាក់ជានាក់រើសអេតចាយ ហើយក្នុងដៃមានកាន់ទូរទស្សន៍ ស្រាប់តែ យុវជនមួយក្រុមទៀត នាំគ្នាដេញវាយរួចស្រែកថាចោរៗ ត្រូវសមត្ថកិច្ច ដេញតាមឃាត់បានទាំងអស់ កាលពីម៉ោង ១១ និង ៥០នាទីយប់ថ្ងៃអាទិត្យទី ១៨ ខែមេសាឆ្នាំ ២០២១ ចំណុចមុខសណ្ឋាគារភ្នំពេញ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះ ជាអ្នករើសអេតចាយបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន បានដើររើសអេតចាយ នៅជិតនិងរង្វង់មូលគួចកាណុង ហើយក៏បានឃើញទូរទស្សន៍ អិលអ៊ីឌី ពណ៌ខ្មៅ គេបោះចោល រួចបានរើសមកកាន់ យកទៅលក់នៅកន្លែងអេតចាយ បន្ទាប់មកស្រាប់តែលេចមុខយុវជនមួយក្រុម មានស្រីនិងប្រុស បានដេញវាយទៅលើរូបគាត់ រួចស្រែកថាចោរៗរួចដេញវាយគ្នាពេញផ្លូវ រត់មកដល់ចំណុចមុខសណ្ឋាគារភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ តាមឃាត់ខ្លួនបានទាំងអស់ មានស្រីនិងប្រុស៦នាក់ រួចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីធ្វើការសួរនាំបន្ត។
ក្រោយពីការសួរនាំរួច ដោយយុវជនមួយក្រុមមានគ្នា៥នាក់នោះ មានការច្រឡំ ចោទថាជាចោរ បន្ទាប់មកក៏ដោះលែងឲ្យទៅវិញរៀងៗខ្លួន៕