ភ្នំពេញ៖ ដើម្បីធានាដល់និរន្តរភាពប្រើប្រាស់ទឹកស្អាត អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញ សេចក្តីសម្រេចមួយកាលពីថ្ងៃទី១៨ មេសា ដោយបានធ្វើការណែនាំដល់ មន្ត្រី និយោជិត ដែលត្រូវបំពេញការងារក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ត្រូវមានការទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួនឲ្យបានម៉ត់ចត់ ដើម្បីធានាដល់ការ ផ្គត់ផ្គង់ទឹកស្អាត ឲ្យមាននិរន្តរភាពជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្រាន់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ។
ក្នុងករណីចាំបាច់ និងបន្ទាន់ ថ្នាក់ដឹកនាំ និងមន្ត្រីនិយោជិក ដែលទទួលបានលិខិតបញ្ជាបេសកកម្ម ត្រូវមានវត្តមានប្រចាំការនៅទីតាំងស្នាក់ការកណ្តាល រៀងរាល់ថ្ងៃធ្វើការចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១៦និង៣០នាទី ។
សេចក្តីសម្រេចនេះ ក៍បាន ណែនាំដល់និយោជិកដែលប្រចាំការ នៅតាមរោងចក្រផលិតទឹកស្អាតទាំងបួន និងក្រុមសន្តិសុខដែលប្រចាំការ នៅស្នាក់ការកណ្តាល តាមរោងចក្រ និងតាមអាងតម្កល់ទឹក ត្រូវបំពេញការងារនៅនឹងកន្លែង ដោយមិនមានការចល័តផ្លាស់ប្តូរកម្លាំង និងអនុវត្តឲ្យបានតាមគោលការណ៍បទបញ្ជាផ្ទៃក្នុងអង្គភាព។
រីឯមន្ត្រីនិយោជិតដទៃទៀត គឺត្រូវបំពេញការងារតាមរយៈប្រព័ន្ធ Online នៅតាមផ្ទះរៀងៗខ្លួន ដោយអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាលជាចាំបាច់។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមថាមន្ត្រី និយោជិក នៃអង្គភាពចំណុះនីមួយៗ នឹងមានស្មារតីទទួលខុសត្រូវក្នុងកិច្ចសហការល្អដើម្បីបំពេញភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបំរើសេវាទឹកស្អាតជូនប្រជាពលរដ្ឋឲ្យបានស្របតាមតម្រូវការជាក់ស្តែង៕