ភ្នំពេញ ៖ ជនបរទេសដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាសនានានៅក្នុងរាជធានីភ្នំពេញចំនួនជិត៤ពាន់នាក់ហើយបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នេះបើគិតត្រឹមល្ងាចថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ។
យោងតាមរបាយការណ៍របស់អនុគណៈកម្មកាចំពោះកិច្ចទទួលការចាក់វ៉ាក់សាំងជូនដល់កម្មករនិយោជិតបានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ រហូតមកដល់ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ មានជនបរទេសធ្វើការតាមរោងចក្រ ចំនួន៣៧៦៥នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងក្នុងចំណោមអ្នកស្ម័គ្រចិត្តសរុប៩០៩៦២នាក់ ដែលភាគច្រើនជាកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ។
ជនបរទេសស្ម័គ្រចិត្តចាក់វ៉ាក់សាំង៣៧៦៥នាក់នោះអ្នកដែលគ្រូពេទ្យអាចចាក់បានមានចំនួន៣៧៤៤នាក់និងគ្រូពេទ្យមិនអនុញ្ញាឲ្យចាក់មានចំនួន២១នាក់ក្នុងចំណោមអ្នកអាចចាក់សរុបចំនួន៨៧៩៩៩នាក់និងគ្រូពេទ្យមិនអនុញ្ញាតចាក់ចំនួន២៩៦៣នាក់។
សម្រាប់ក្នុងថ្ងៃទី១៥ ខែមេសានេះមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៧ ០៦៨នាក់ ដោយចាក់បានចំនួន ៦ ៨៨៣នាក់ ក្នុងនោះមានបរទេសចំនួន ៤២៨នាក់ និងគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១៨៥នាក់។
គួរបញ្ជាក់ថាការចាក់វ៉ាក់សាំងទៅលើកម្មករនិងយោជិតនេះនឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺនដូសសម្រាប់ចាក់ជូនកម្មករ៕