ខេត្តកោះកុង ៖ កម្លាំងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នៅរសៀលថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ បានឃាត់ខ្លួនមេខ្យល់ដែលព្យាយាមលួចលាក់ដឹកជញ្ចូនពលករខុសច្បាប់ពីខេត្តត្រាត ប្រទេសថៃ មកកាន់ខេត្តកោះកុង។
លោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនចាំយាមស្រុកមណ្ឌលសីមាឲ្យដឹងថា ដោយមានការសង្ស័យទៅលើរថយន្ត១គ្រឿង សមត្ថកិច្ច ក៏បានត្រួតពិនិត្យជាក់ស្តែងហើយឆែកឆេររកឃើញពលករម្នាក់ក្នុងរថយន្តដែលកំពុងលាក់ខ្លួនក្នុងរថយន្ត។
លោកបន្តថា បុរសវ័យចាស់ឈ្មោះ សេ លៀង អាយុ៦៤ឆ្នាំ ជនជាតិថៃ ទីលំនៅទីរួមខេត្តត្រាត ជាក់ស្តែងរកឃើញមានការលួចលាក់រត់ពន្ធមនុស្សខុសច្បាប់១ម្នាក់ដោយមធ្យោបាយដឹកតាមរយៈរថយន្ត១គ្រឿងម៉ាក់ISUO ពាក់ស្លាកលេខថ ៧៩៧៩ ពណ៌ប្រផះ។ បុរសដែលកម្លាំងឃាត់ខ្លួន ឈ្មោះសំរ៉ន វ៉ាន់ ឌី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បម្រើការងារជាពលករនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត។
លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា បានអោយដឹងទៀតថា បន្ទាប់ពីការសាកសួរ និងធ្វើកំណត់ហេតុរបស់នគរបាលអន្តោប្រវេសន៍រួចបញ្ចូនមកកាន់អធិការដ្ឋាន ហើយរូបលោកក៏បញ្ចូនខ្លួនមេខ្យល់ទៅកាន់ពន្ធនាគារបន្តរង់ចាំការអនុវត្តនីតិវិធីច្បាប់៕