ភ្នំពេញ ៖ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យព្រួយបារម្ភចំពោះបញ្ហាខ្វះអង្ករ ខណៈរាជរដ្ឋាភិបាលបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៨មេសាឆ្នាំ២០២១ ព្រោះយើងមានស្រូវគ្រប់គ្រាន់ ធានាបាននូវសន្តិសុខស្បៀង អាហារគោលប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា។
ការអំពាវនាវរបស់អង្គភាពទាំងពីរនេះ បានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពិថ្ងៃទី១៥មេសា ឆ្នាំ២០២១។
ក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជា មានបរិមាណសន្និធិ (ស្តុក) គ្រប់គ្រាន់ ទាំងស្រូវវស្សា ជាង២.៥លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំង ជិត១លានហិកតា បាននឹងកំពុងប្រមូលផលបានជាង៩០% ដែលមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង អាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេស រហូតដល់ការប្រមូលផលរដូវកាល បន្ទាប់ខាងមុខ។
ដើម្បីជួយសម្រួលបន្ទុក និងការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រុមហ៊ុនហ្រ្គីនត្រេដ នឹងបន្តដំណើរការ បញ្ចេញលក់អង្ករជាធម្មតា បន្ថែមពីលើទីតាំងកន្លែងលក់អង្ករ របស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានស្រាប់ ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ នៅតាមទីតាំងកំណត់មួយចំនួន និងទីតាំងចល័ត នៅរាជធានីភ្នំពេញ៕