ខេត្តប៉ៃលិន ៖ រថយន្តដឹក ក្បឿងប្រក់ដំបូល មួយគ្រឿង បើកឡើងទួលមិនរួច បណ្តាលឱ្យក្រឡាប់បែកខ្ទេចនៅក្បែររង្វង់មូលត្បូង ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបររថយន្ត មាន ឈ្មោះ ចិត្រ អាយុ២៦ឆ្នាំ បើករថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស លាយខៀវលឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0834 រងការខូចខាតផ្នែកខាងមុខ។
ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា គេឃើញរថយន្តយីនដាយ ១គ្រឿង បើកបរក្នុងទិសដៅពីជើងទៅត្បូង បម្រុងបត់ឆ្វេងវាងរង្វង់មូលត្បូងក្រហម ឆ្ពោះទៅទិសខាងកើត លុះផ្លូវឡើងទួល អ្នកបើកបររថយន្តដោះលេខ ដើម្បីបន្ថែមល្បឿន ក៏ស្រាប់តែក្រឡាប់ទៅខាងឆ្វេងដៃពេញទំហឹង បណ្តាលឱ្យរងការបែកស៊ីប្រូ ប្រក់ដំបូលផ្ទះទាំងអស់តែម្តង ។ ក្រោយពេលកើតហេតុ ម្ចាស់ក្រុមហ៊ុនខាងលើ បានហៅរថយន្ត១គ្រឿងទៀត យកមកស្ទូចចេញពីផ្លូវថ្នល់ ដើម្បីយកទៅជួសជុលនៅក្នុងក្រុងប៉ៃលិន ។
បើតាមសម្តីអ្នកបើកបររថយន្ត បានឱ្យដឹងថា ការដែលគេបើកបរឡើងទួលត្រង់កន្លែងក្បែររង្វង់មូលនេះ គឺបើកក្នុងល្បឿនយឺតៗ ប៉ុណ្ណោះ ។ ប៉ុន្តែ ដោយសារតែដោះលេខ ដើម្បីបន្ថែមល្បឿនឡើងទួលអត់ចូល ក៏បណ្តាលឱ្យក្រឡាប់តែម្តង ។ ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុ គេមានការព្រួយបាម្ភ ក្រែងម្ចាស់ក្រុមហ៊ុនឱ្យរូបគេសងស៊ីប្រូ ដែលទទួលរងការបែកនេះ រួមជាមួយនឹងការជួសជុលរថយន្ត បើគិតជាថវិកាប្រហែលជាង២០០០ដុល្លារ៕