អ្នកជំនាញខាងធ្វើជំនួញរបស់កម្ពុជា បានអោយដឹងថា ប្រទេសកម្ពុជាពិតជាត្រូវការវិនិយោគិនបរទេសបន្ថែមទៀត ដើម្បីជំរុញវិស័យសេដ្ឋកិច្ច និង បង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់។ ប្រទេសកម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ និងមានទីតាំងភូមិសាស្ត្រល្អ ស្ថិតនៅ ចំណុចកណ្តាលនៃបណ្តាប្រទេសអាស៊ាន មិនតែប៉ុណ្ណោះ តម្លៃពលកម្មវិញក៏មានតម្លៃទាបផងដែរ។
អ្នកជំនាញ បានសង្កត់ធ្ងន់ថាប្រទេសកម្ពុជាមិនគួរ ពឹងផ្អែកទៅលើវិនិយោគិនបរទេសតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែមានសហគ្រិនជាតិអោយបាន ច្រើនផងដែរ ដើម្បីរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច។ អ្នកជំនាញបន្ថែមថា ដោយសារកម្ពុជាមិនទាន់ មានកម្មករជំនាញ និងអ្នកបច្ចេកទេសគ្រប់គ្រាន់ ដូច្នេះហើយទើបវិនិយោគិនបរទេសខ្លះ បានជួលកម្មករ មកពីប្រទេសរបស់គេផ្ទាល់ មកបំរើការងារនៅប្រទេសកម្ពុជា។ យ៉ាងណា ក៏ដោយ ចាប់តាំងពីការរីករាលដាលនៃមេរោគកូរ៉ូណា ចំនួនអ្នកវិនិយោគបរទេសបានថយចុះដែល ធ្វើអោយប៉ះពាល់ដល់គម្រោងវិនិយោគនៅកម្ពុជា។