ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS សហការជាមួយរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែប ឬ ហៅថា ល្មិច ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោកចំនួន១៤៨ក្បាល ចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះ។
អង្គការWCS នៅថ្ងៃទី១៣ ខែមេសានេះ បានបញ្ជាក់ថា កូនកន្ធាយក្បាលកង្កែប ដែលត្រូវបានលែងវិញទាំងនេះ មានអាយុចន្លោះពី១សប្តាហ៍ ទៅ៣សប្តាហ៍ បន្ទាប់ពីពួកវា ត្រូវបានការពារក្រោយពីពងញាស់។
បើតាមការបញ្ជាក់របស់អង្គការWCS បានឱ្យដឹងថា ប្រភេទកន្ធាយដែលជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោកនេះ តែងតែបង្កកំណើតពងកូនចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ ហើយបើគិតត្រឹមដើមខែមេសានេះ ក្រុមការពារសម្បុកនៅតាមសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន៥៨សម្បុក ដែលមានពងសរុបជាង២ពាន់ពង ហើយគិតត្រឹមសប្តាហ៍ទីមួយនៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន៥៥៩កូន បានញាស់ចេញពីសម្បុកចំនួន២៨សម្បុក ដោយជោគជ័យ។
កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុកយកទៅរក្សាទុក ក្នុងបែឈើបណ្តែតទឹកជាបណ្តោះអាសន្ន ដើម្បីឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ ក្រុមការងារគ្រោងនឹងលែងកូនល្មិចទាំងអស់នេះ ចូលទៅក្នុងទីជម្រកធម្មជាតិវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។