ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវបានឲ្យដឹងថា អតីតកីឡាករប្រដាល់សេរី លោកសារឹម វ៉ាន់ថន និងគូកនម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីអ្នកទាំង២ ធ្វើសកម្មភាពឆក់ត្រីខុសច្បាប់។
សមត្ថកិច្ចបន្តថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សារឹម វ៉ាន់ថន និងឈ្មោះ សៀ ឆៃណា ដែលជាសម្លាញ់នឹងគ្នាបានផឹកស៊ីជុំគ្នានៅចុងភូមិបុស្សក្រឡាញ់ខាងត្បូង ដែលមានម្ចាស់ផ្ទះឈ្មោះទិត្យ ដែលការស៊ីផឹកនេះចាប់ផ្តើមនៅម៉ោងប្រហែល ២០និង០០នាទី ។ របាយការណ៍បន្តថា លុះផឹកដល់ម៉ោងប្រហែល២២និង៣០នាទី ក៏បែកគំនិតខ្ចីដុំឆក់ពីម្ចាស់ផ្ទះឈ្មោះទិត្យ ជិះម៉ូតូ០២គ្រឿង គ្នា០២នាក់ ចេញទៅឆក់ត្រីនៅចំណុចតំបន់ បបុស្ស ស្ថិតក្នុងភូមិសាស្រ្ត ចុងស្រែទំនប់ហាប្រា ឈៀងខាងលិច សង្កាត់ជ្រាវ ក្រុង-ខេត្ត សៀមរាប។
ជនសង្ស័យទាំង0២នាក់ ដែលឃាត់ខ្លួនមានទី១ ឈ្មោះ សៀ ឆៃណា ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងជួសជុលកង់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិ ជ្រាវ សង្កាត់ជ្រាវ ក្រុង-ខេត្ត សៀមរាប ។ ជនសង្ស័យទី២ ឈ្មោះ សារឹម វ៉ាន់ថន ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ កីឡាប្រដាល់។ទីលំនៅបច្ចុប្បន្ន ភូមិបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុង-ខេត្ត សៀមរាប ។
ក្រៅពីការឃាត់ខ្លួនកម្លាំងនគរបាលបានរឹបអូស សម្ភារនិង មធ្យោបាយ សម្រាប់ប្រព្រឹត្តបទល្មើស មួយចំនួនដូចជា ដុំអាំភ្លីឆក់ ០១គ្រឿង អាគុយ ០១គ្រឿងម៉ូតូ ០២គ្រឿង៕