ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនចំនួន២គ្រឿង ចុះជួយអន្តរាគមន៍ ទូកនេសាទ សន្ទូចរនង មួយគ្រឿងឆេះជាអគ្គីភយ័ក្នុងសមុទ្រនៅខេត្តព្រះសីហនុ ដោយសារផ្ទុះកំប៉ុងហ្គាស កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១វេលាម៉ោង០៦និង៣០នាទី ល្ងាច នៅក្នុងលម្ហសមុទ្រត្រង់ចំណុចខាងក្រៅពយភ្លើងស៊ីញ៉ូប្រហែល៥ម៉ៃត្រ ស្ថិតនៅភូមិកោះ រ៉ុងសន្លឹម សង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង។
តាមការបំភ្លឺពីជនរងគ្រោះជាម្ចាស់ទូកដែលឆេះបានរៀបរាប់ថា ទូកនេសាទ ដែលឆេះនេះ មានមនុស្សចំនួនតែ១នាក់ទេ ដោយកម្មករទូក៣នាក់ទៀតបានឡើងទៅគោកតាំងពីព្រឹក ហើយ ទូករបស់គាត់ ជាទូកឈើយន្ត ប្រភេទនេសាទ(បេអឺអូសបាល់)។
ជនរងគ្រោះ មានឈ្មោះ គង់ សុខខែម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។
តាមម្ចាស់ទូក បញ្ជាក់ថាមូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។ជនរងគ្រោះមិនគ្រោះថ្នាក់ ឬរងរបួសអ្វីឡើយ គ្រាន់តែខូចខាតសម្ភារៈ រួមមាន៖
១- ឆេះទូកប្រភេទបេអឺ ពណ៌ត្រួយចេក ប្រវែងបណ្តោយ១៦.៧ម៉ែត្រ ទទឹងប្រវែង៤.៩ម៉ែត្រ មួយគ្រឿង , ម៉ាស៊ីនម៉ាក Hino កម្លាំង៣១៥សេស ។
២- ខូចខាតឧបករណ៍ នេសាទមួយចំនួនធំ ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះនិងបានបញ្ជូនតាមអូបរ័ល្បឿនលឿនចំនួន២គ្រឿង ដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាពហើយ ក្នុងនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាដល់ម្ចាស់ទូកចំនួន៤០មុឺនរៀលបន្ថែមទៀតផងដែរ៕