បរទេស៖ កិច្ចពិភាក្សា ស្តីពីសន្ធិសញ្ញា START-3 និងការផ្លាស់ប្តូរទិន្នន័យ ស្តីពីឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ី និងសហរដ្ឋអាមេរិក មានប្រហាក់ប្រហែលគ្នា ហើយឃ្លាំងអាវុធរបស់មហាអំណាចទាំង២នេះ អាចកម្ទេចពិភពលោកទាំងមូលបាន។
សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START-3) រវាងអាមេរិក និង សហភាពសូវៀត ត្រូវបានវាយតម្លៃថា សន្ធិសញ្ញានេះ ជាកូនសោ នៃស្ថិរភាពយុទ្ធសាស្ត្រពិភពលោក។ សន្ធិសញ្ញានេះ បានអនុវត្ត ចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១១។
បើតាមលក្ខខណ្ឌ នៃសន្ធិសញ្ញានេះ គឺភាគីទាំង២ត្រូវកាត់បន្ថយអាវុធបរមាណូ ដោយភាគីទាំងពីរ ត្រូវមានកាំជ្រួចមីស៊ីលបរមាណូឆ្លងទ្វីប មិនលើសពី៧០០ដើម កាំជ្រួចមីស៊ីលវាយប្រហារចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ ក៏ដូចជា ក្បាលគ្រាប់បរមាណូ ១៥៥០គ្រាប់ និងជើងទម្របាញ់មីស៊ីល៨០០គ្រឿងដែលបានដាក់ពង្រាយ។ រីឯសន្ធិសញ្ញាSTART III នេះ មានប្រសិទ្ធភាព រហូតដល់ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦។
បើតាមកិច្ចព្រមព្រៀងនោះ ប្រទេសទាំងពីរ នឹងផ្តល់របាយការណ៍ឲ្យគ្នាទៅវិញទៅមក ស្តីពីគ្រាប់បែកបរមាណូ ក្នុងរយៈពេល៦ខែម្តង ហើយការផ្តល់របាយការណ៍ចុងក្រោយ គឺនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ ប៉ុន្ដែតាមរបាយការណ៍ គឺឃ្លាំងអាវុធបរមាណូរបស់ប្រទេសមហាអំណាចទាំងពីរនេះ មានការប្រែប្រួលតិចតួច ដោយឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ីបានកើនឡើងក្បាលគ្រាប់បរមាណូចំនួន ។ ដោយឡែកអាមេរិកវិញ បានកាត់បន្ថយ ចំនួន១០០គ្រាប់បែកបរមាណូ។
គិតមកដល់ពេលនេះ រុស្ស៊ីមានក្បាលគ្រាប់បរមាណូ សរុប ១៤៥៦គ្រាប់ បំពាក់នៅលើគ្រឿងសឹកផ្សេងៗ រួមមាន កាំជ្រួចមីស៊ីល និងយន្តហោះចម្បាំង…ជាដើម។ ដោយឡែកសហរដ្ឋអាមេរិកវិញ មានចំនួន១៤៥៧គ្រាប់។ បើគិតពីចំនួនគ្រាប់បែកបរមាណូរបស់ប្រទេសមហាអំណាចទាំងពីរនេះវិញ គឺអាចបំផ្លាញពិភពលោកទាំងមូលបាន។
គិតត្រឹមឆ្នាំ២០២០ ប្រទេសចំនួន៩ មានគ្រាប់បែកបរមាណូ រួមមាន អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ដោយមានគ្រាប់បែកបរមាណូសរុប ១៣ ៤០០គ្រាប់៕