ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា ARDB បានចាប់ផ្តើមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនក្នុងគោលបំណងពង្រីកវិសាលភាពទំហំឥណទានដល់វិស័យកសិកម្មដើម្បីជួយដល់ កសិករដោយផ្តោតលើការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម ជាដើម។
តាមរយៈចុះអនុស្សរណៈដែលARDB និង AMK ចុះកាលពីថ្ងៃទី៨ មេសាម្សិលមិញ ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) តាមរយៈការផ្តល់ឥណទានបន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអនុវត្តការផ្តល់ឥណទានដល់អ្នកទទួលផលក្នុងតំបន់គោលដៅគម្រោងឱ្យកាន់តែប្រសើរ។
សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដោយផ្តោតលើផលិតផលកសិកម្មចំនួន៤ប្រភេទរួមមាន៖ បន្លែ មាន់ស្រែ ស្រូវ ដែលមានគុណភាពខ្ពស់ ដំឡូងមី និង សូត្រឆៅ ដោយអនុវត្តក្នុងខេត្តចំនួន១៨ រួមមាន៖ កណ្តាល តាកែវ កំពត កែប កំពង់ស្ពឺ ព្រៃវែង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងបៃលិន។
គម្រោងនេះ មានគោលដៅជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារ និងគាំទ្រដល់ការផលិតជាលក្ខណៈខ្សែច្រវាក់ផលិតកម្ម ព្រមទាំងការអភិវឌ្ឍចង្កោមផលិតផលនីមួយៗតាមមូលដ្ឋាន ដល់ក្រុមកសិករខ្នាតតូច៕