អន្តរជាតិ ៖ បងប្អូនខ្មែរ យើងភាគច្រើនពិតជាស្គាល់ច្បាស់ហើយ នូវស៊េរី ម៉ូតូ របស់ក្រុមហ៊ុន ហុងដា គឺ ហុងដាឌ្រីម ប៉ុន្តែ ម៉ូតូ មួយគ្រឿងនេះ បើដឹងពីតម្លៃ គឺធ្វើអោយភ្ញាក់ផ្អើលជាក់ជាមិនខាន។
ថ្មីៗនេះ លោក Pham Hung Cuong ដែលរស់នៅក្នុងស្រុក Dan Phuong នៃទីក្រុង Hanoi ប្រទេសវៀតណាម បានបង្ហាញម៉ូតូរបស់ខ្លួន គឺ Honda Dream II ស៊េរីឆ្នាំ១៩៩៧។ លោក Cuong បានប្រាប់ឲ្យដឹងថា ឥឡូវនេះបើចង់រកម៉ូតូ Honda Dream II ឲ្យបានបែបនេះ គឺមិនងាយទេ ស្ទើរតែគ្មានតែម្តង។ ដោយឡែក លោក Cuong បានទិញវាតាំងពីឆ្នាំ១៩៩៧ មកម្ល៉េស ដើម្បីយកមកលេង និងតុបតែងតាមចំណង់ចំណូលចិត្តរបស់លោក។
ទោះជាយ៉ាងណា បុរសខាងលើបានសម្រេចចិត្តស្វែងរកគ្រឿងដើមរបស់វាយកមកបំពាក់វិញ ដែលការធ្វើបែបនេះគឺមិនងាយឡើយ។ ចាប់តាំងពីតួខ្លួន រហូតដល់ខ្ចៅខ្យងដែលបំពាក់លើម៉ូតូ Honda Dream II ដែលមានតួលេខ “800” នេះទាំងអស់ សុទ្ធសឹងតែជាគ្រឿងដើម។
បើតាមការបញ្ជាក់ពី លោក Cuong បានឲ្យដឹងដែរថា វាមិនមែនជារឿងងាយនោះទេក្នុងការស្វែងរកគ្រឿងដើម នៃម៉ូតូឆ្នាំ១៩៩៧ ហើយបើគិតជាសរុបទៅ លោកចំណាយអស់ប្រហែល ១៥.០០០ដុល្លារហើយ ទាំងថ្លៃទិញម៉ូតូ និងការតុបតែងវា៕