លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានឱ្យដឹងថា ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញដែលត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត។ លោកថ្លែងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុង តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
លោកទេសរដ្ឋមន្រ្តី បានស្នើឱ្យធនាគារអភិវឌ្ឍន៍ អាស៊ីជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។
គួរកត់សម្គាល់ថា ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដ មែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់ចំពោះសំណើនានា ដែលលោកទេសរដ្ឋមន្ត្រីបានលើកឡើង និងបានគូសបញ្ជាក់ថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ៕