អន្តរជាតិ ៖ តាមរយៈការពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចុងសប្ដាហ៍ថា អាមេរិកនឹងមិនបោះបង់ប្រទេសអ៊ុយក្រែននៅចំពោះមុខ «ការឈ្លានពានរបស់រុស្ស៊ី» ឡើយ។ នេះបើតាមការអោយ ពី ប្រធានាធិបតីអ៊ុយក្រែនថា លោកបានទទួលការធានាពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។
លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) ប្រធានាធិបតីអ៊ុក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «ពួកយើងបានពិភាក្សាគ្នាយ៉ាងលម្អិតអំពីស្ថានភាពនៅក្នុងតំបន់ ដុនបាស់ (Donbass) ហើយប្រធានាធិបតី បៃដិន បានធានាដល់ខ្ញុំថាអ៊ុយក្រែននឹងមិនត្រូវបានទុកចោលទេក្នុងការប្រឆាំងការឈ្លានពានរបស់រុស្ស៊ី»។
ប្រទេសរុស្ស៊ីបានកាត់យកឧបទ្វីបគ្រីមៀ (Crimea) បញ្ជូលជាទឹកដីរបស់ខ្លួនក្នុងឆ្នាំ២០១៤ ដែលសកម្មភាពនេះបានទទួលការថ្កោលទោសពីបស្ចិមប្រទេស និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់។
លោក បៃដិន បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋបាលរបស់លោកចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ុយក្រែន និងគាំទ្រផែនការប្រឆាំងអំពើពុករលួយរបស់ ប្រធានាធិបតីអ៊ុយក្រែន និងរបៀបវារៈកំណែទម្រង់៕