ខេត្តសៀមរាប ៖ ពិតជាចៃដន្យអាក្រក់ និងជារឿង ដែលនឹកស្មានមិនដល់ ឪពុកនាំកូន ទៅបង់សំណាញ់ រកត្រី នៅមាត់អូរ ស្រាប់តែបាក់ច្រាំង សង្កត់លើកូន ស្លាប់ក្នុងទឹក។
ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីឪពុកនាំកូនទៅបង់សំណាញ់ត្រី បាក់ច្រាំងសង្កត់កូនស្លាប់ម្នាក់ ។
ជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
យោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុន ចក់ អាយុ៥៩ឆ្នាំ នៅកន្លែងកើតហេតុខាងលើ ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ និងម្នាក់ទៀតឈ្មោះ ឌឿន ដា ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ បាននិយាយរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួនបាននាំកូនទៅបង់សំណាញ់ នៅស្ពានតូចប្រហែលម៉ោង ១និង៣០នាទីរសៀល បាននាំគ្នាទៅបង់សំណាញ់ ។ លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាច ស្រាប់តែកូនរបស់ខ្លួន បានយកសំណាញ់ទៅគ្រប នៅនឹងច្រាំងក្រោមគុម្ពឫស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវារកត្រី ស្រាប់តែបាក់មាត់ច្រាំងសង្កត់ទៅលើកូនរបស់ខ្លួន។ ក្រោយពីដឹងថាកូនត្រូវបានដីច្រាំងបាក់ សង្កត់លើនៅក្នុងទឹក ហើយខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ច និងបានហៅអាអ៊ិច (អេស្កាវទ័រ) មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក។
ក្រោយការពិនិត្យពុំឃើញមានអ្វីពាក់ព័ន្ធ និងករណីបទល្មើសព្រហ្មទណ្ឌ ហើយសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕