ភ្នំពេញ ៖ កុមារាម្នាក់ ត្រូវបានគេប្រទះឃើញសព នៅក្នុងព្រៃត្រែង បន្ទាប់ពីបាត់ខ្លួន អស់រយៈពេល៣ថ្ងៃ។ កុមាររងគ្រោះ ត្រូវបានឪពុកម្តាយ រាយការណ៍មកកម្លាំង សមត្ថកិច្ច ខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច។
សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថាបានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ អង្គភាពការពារកុមារបានទទួលពត៌មាននៅថ្ងៃទី០១ ខែមេសា និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកកុមាររងគ្រោះ។ ក្រុមការងារចម្រុះក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ។
នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ សាកសពកូនក្មេងមួយត្រូវបានរកឃើញនៅក្នុងគម្ភព្រៃ ក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។ កន្លែងកើតហេតុត្រូវបានហ៊ុព័ទ្ធ និងត្រួតពិនិត្យកន្លែងកើតហេតុ។
អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីជម្រិតសម្លាប់ទៅលើកុមារឈ្មោះ ជា ផែនហេង។ មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជនដែលបានឃើញក្មេងនេះនៅជិតវត្តជ្រយអំពិលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។
ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែលយើងមានដើម្បីគំណត់អត្តសញ្ញាណជនល្មើសទាំងឡាយ ដែលមានការពាក់ព័ន្ធ ក្នុងការណីឃាតកម្ម ទៅលើកុមារនេះ៕