ភ្នំពេញ ៖ អគារស្នាក់នៅហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិពិការកម្ពុជា ដែលជាអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី បានប្រគល់ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រើប្រាស់ផ្លូវការហើយ កាលពីថ្ងៃ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ នៅអគារមជ្ឈមណ្ឌលជនពិការតេជោសែន ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា មានប្រសាសន៍ថា អគារមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោក ជំទាវ កែ សួនសុភី មានចំនួន៥បន្ទប់ ក្នុងនោះមាន បន្ទប់ស្នាក់នៅ និងបន្ទប់ទឹក។ អគារស្នាក់នៅសម្រាប់អត្តពលិកជម្រើសជាតិកីឡាជនពិការមួយខ្នងនេះ ត្រូវបានឯកឧត្តម ស សុខា បានសន្យាសាងសង់ជូន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តមរដ្ឋលេខាធិការបានអញ្ជើញ មកចូលរួម ក្នុងពិធីបិទ ការប្រកួតជើងឯកកីឡាបាល់ទះ អង្គុយជនពិការ៕