ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋប្រទះឃើញ ហ្វូងដំរីព្រៃចំនួន៣៨ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។ សត្វដំរីព្រៃមួយហ្វូងនេះ បានចុះផឹក និងលេងទឹកនៅក្នុងត្រពាំងមួយ ក្បែរទីស្នាក់ការរដ្ឋបាលព្រៃឈើ ក្នុងដែននៃតំបន់អភិរក្សសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី។
ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ កុំរំខានដល់សត្វដំរីព្រៃទាំងនេះ និងចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃដ៏កម្រនេះឱ្យបានគង់វង្ស ខណៈបច្ចុប្បន្ន ចំនួនរបស់ពួកវា ត្រូវបានប៉ាន់ប្រមាណមានចន្លោះពី៤០០ទៅ ៦០០ក្បាលប៉ណ្ណោះ នៅក្នុងតំបន់ ការពារធម្មជាតិនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាន្ត។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ យកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ ប៉ុន្តែកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយនិងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខានដោយសារតែវត្តមានរបស់មនុស្ស នៅក្នុងតំបន់ដែនជម្រករបស់ពួកវា។ លើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់ជាការសង សឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។
ដំរីព្រៃអាស៊ី កំពុងតែទទួលរងការគំរាម កំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រក បានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ៕