រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងតឹងរឹងបំផុតមួយដល់អាជ្ញាធរគ្រប់ខណ្ឌ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែដកហូតមធ្យោបាយធ្វើដំណើរ ចំពោះបុគ្គលណាមួយ ដែលបានបំពានបម្រាម ដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។
លោកអភិបាលរាជធានីភ្នំពេញ បានផ្ញើសារសំឡេងផ្ញើជូនលោកស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ដោយសង្កត់ធ្ងន់ថា ក្រោយពេលដកហូតយានយន្ដរួចហើយ សមត្ថកិច្ចពាក់ពាក់ ត្រូវតែបញ្ជូនម្ចាស់យានយន្ដទាំងនោះទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លូន។
លោក ឃួង ស្រេង បានថ្លែងថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូ យកម៉ូតូទៅទុក បើជិះរថយន្ដ យករថយន្ដទៅរក្សាទុក ហើយនាំមនុស្សទៅធ្វើចត្តាឡីស័ក នៅក្នុងផ្ទះគ្រប់រយៈពេល១៤ថ្ងៃ។ បើគ្រប់រយៈពេល១៤ថ្ងៃហើយ ទើបអាជ្ញាធរប្រគល់មធ្យោបាយធ្វើដំណើរនោះឲ្យគាត់វិញ។ ក្នុងករណីគាត់កំពុងធ្វើចត្តាឡីស័កនោះ បើអាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើងទេ យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»៕