ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឲ្យលោកជំទាវ ទេវ ឡាយឆេង ( Teo Lay Cheng ) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសិង្ហបុរី ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។
សម្តេច ប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតនិងចាត់ទុកបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងសិង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និង វិស័យការពារជាតិ៕