រាជធានីភ្នំពេញ៖ ក្រោយពេលមានការផ្សព្វផ្សាយផលិត និងឱសថនានា នៅតាមបណ្ដាញសង្គមនោះមក ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានសេចក្ដីប្រកាសព័ត៌មានហាមឃាត់ការលក់ឱសថនោះ និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់នូវការប្រើប្រាស់ និងទិញ ព្រោះវានាំឲ្យខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព។
ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសថា ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ តាមការពិនិត្យឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ «Our Health and Beauty» កំពុងផ្សព្វផ្សាយផលិតផលឱស Hualuochichuanggao គ្មានបញ្ជិកា និងគ្មានច្បាប់អនុញ្ញាត ឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ តម្រូវឲ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដើម្បីចៀសវាង និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ និងផលិតផល សុខភាព គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ព្រោះផលិតផលទាំងនោះ គ្មានប្រភពច្បាស់លាស់ ដូច្នេះមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់ផ្ទះលេងហ្វេសប៊ុកខាងលើ ដែលផ្សព្វផ្សាយលក់ឱសថ Hualuochichuanggao ទៅតាមច្បាប់ ស្ដីពីច្បាប់វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕
សូមអានខ្លឹមសារ នៃសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ទាំងស្រុងដូចខាងក្រោម៖