ភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋ បានថតវីដេអូរ ពីសកម្មភាព នារីម្នាក់ បន្ទាប់ពីលក់ដូរ រួច បានបោសកាកសំណល់សំរាមសល់ចូលទៅក្នុងមាត់លូបង្ហូរទឹក អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ នៅព្រឹកថ្ងៃទី ២២ ខែ មិនា ឆ្នាំ២០២១នេះ បានចុះទៅណែនាំបុគ្គល២នាក់ អោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនល្អនេះតទៀត។
អ្នកលក់បាយឆាមីឆា ២នាក់បងប្អូនខាងលើ មានឈ្មោះ លី សារ៉េត ភេទស្រី អាយុ២៧ឆ្នាំ និង ម្នាក់ទៀតជាប្អូនបង្កើតមានឈ្មោះ លី មៃឃ័រ អាយុ២៤ឆ្នាំ ។ អ្នកទាំង២ស្នាក់នៅផ្ទះជួលម្តុំកន្លែងលក់របស់ពួកគាត់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរស្តុបវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
នៅចំពោះមុខ អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ បងប្អូនបង្កើតទាំង២នាក់បានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិ ដោយពួកគេបានបោសសំរាមចូលទៅក្នុងមាត់លូប្រាកដមែន នឹង បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះទៅពេលខាងមុខបន្តទៀតហើយ ប្រសិនបើមានសកម្មភាពនេះនៅលើកក្រោយទៀត ពួកគេសូមទទួលខុសត្រូវចំពោះវិធានការណ៍របស់អាជ្ញាធរខណ្ឌ ។
ក្នុងឱកាសនោះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការអប់រំដល់បុគ្គលទាំង២នាក់ អោយពួកគេបញ្ឈប់សកម្មភាពនេះទៀត ព្រោះវាជាគំរូមិនល្អ ជះឥទ្ធិពលអាក្រក់ ដល់បរិស្ថានសង្គមជាតិ និងអាចកក់ស្ទះប្រពន្ធ័លូផងដែរ៕