ខេត្តកំពង់ធំ ៖ សត្វឆ្កែជាង១០០ក្បាល ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះ ខណ:ឈ្មួញដឹកតាមរថយន្តយកទៅលក់ នៅចំណុចភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយមន្ត្រីបស្សុព្យាបាលសត្វ សហការជាមួយកងរាជអាវុធហត្ថ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ។
រថយន្តខាងលើម៉ាកកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-4534 ដឹកសត្វឆ្កែចេញពី ភូមិត្រាចជុំ ឃុំសព្រោជ ស្រុកស្ទោង ខខេត្តកំពង់ធំ យកទៅលក់នៅ ម្តុំថ្នល់បែក ភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីក្នុងហេតុការណ៍បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានឃាត់មនុស្ស២នាក់ ផងដែរ ទី១ឈ្មោះ វឿន វ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម និងព្រូឡានឈ្មោះ អឿង អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
មន្ត្រីបន្តថាសត្វឆ្កែទាំងនោះ ត្រូវបានឈ្មួញឈ្មោះ មូល មាន ភេទប្រុសអាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ អាយ ផេន រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ បានមកឈរជើងទិញនៅចំណុចម្តុំថ្នល់បែក ភូមិរកាកោង ដើម្បីដឹកបន្តទៅភ្នំពេញ។
លោកតាន់ ម៉េងឆាង ប្រធានការិយាល័យបស្សុព្យាបាលសត្វ បានឲ្យដឹងថា ម្ចាស់រថយន្តនិងត្រូវបានធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់ការធ្វើអាជីវកម្មសត្វសុនខតទៅទៀត បើមានការដឹកជញ្ជូនលើកក្រោយ និងត្រូវពិន័យករណីមិនរាងចាល។ ចំណែកសត្វសុនខជាង១០០ក្បាល ការិយាយជំនាញឲ្យដឹកទៅទីតាំងប្រភពដើមវិញ ដើម្បីធ្វើការដោះលែងឲ្យមានសេរីភាព៕