វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលមានវ័យ ៧៨ឆ្នាំទៅហើយ បានដួលជំពប់ជាច្រើនដង ពេលធ្វើដំណើរឡើងកាំជណ្តើរ ទៅលើយន្តហោះពិសេស Air Force One។ នេះបើតាមការចេញផ្សាយសារព័ត៌មានអន្តរជាតិធំៗ នាថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន)។
តាមរយៈខ្សែវីដេអូដែលត្រូវបានថតចេញពីជ្រុងនានា ទៅលើដំណើរឡើងយន្តហោះ របស់លោក ចូ បៃដិន គេសង្កេតឃើញថា លោកបានដួលជំពប់ជើងចំនួនបីលើកឯណោះ ដោយលើកទី៣ ពេលដល់ពាក់កណ្តាលកាំជណ្តើរ លោកបានដួលខ្ទប់ក្បាលជង្គង់នឹងជណ្តើរមួយសន្ទុះខ្លី រួចទើបលោកប្រឹងប្រមូលកម្លាំងភ្លាមៗ ហើយដើរឡើងទៅលើយន្តហោះជាធម្មតា ដើម្បីសំដៅទីកាន់ទីក្រុង អាត្លង់តា (Atlanta) នៃរដ្ឋចរចៀ (Georgia)។
ឯសេតវិមានទីក្រុងវ៉ាស៊ីនតោនក៏បានចេញមុខអះអាងដែរថា លោកប្រធានាធិបតី ចូ បៃដិន មិនមានរបួសអ្វីនោះទេ ហើយលោកនៅតែមានសុខភាពល្អ ១០០ភាគរយ៕