បរទេស៖ ក្រោយពេលប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយ កាន់តែធ្ងន់ធ្ងរ ហើយពួកយោធាបន្ដបង្រ្កាបទៅលើក្រុមបាតុករយ៉ាងបង្ហូរឈាម បណ្ដាលឲ្យមនុស្សយ៉ាងតិចជាង២០០នាក់ស្លាប់នោះមក ប្រធានាធិបតីឥណ្ឌូនេស៊ី បានជំរុញឲ្យស្ដារស្ថិរភាព នៅក្នុងប្រទេសនេះឡើងវិញ។
បើតាម Discover ASEAN បានផ្សាយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានជំរុញឲ្យមានការចរចា និងផ្សះផ្សាគ្នាឡើងវិញ ដើម្បីស្ដារស្ថិរភាព និងសន្ដិភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះជាការឆ្លើយតបទៅនឹងស្ថានការណ៍ នៅក្នុងប្រទេសនេះ ដែលកំពុងតែឡើងកម្ដៅ ដោយសារអំពើរដ្ឋប្រហារយោធា។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានទទួចថា រាល់ការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីកុំបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស។ រីឯសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ត្រូវតែជាអាទិភាពកំពូល។
ជាមួយគ្នានេះដែរ ប្រធានាធិបតីដ៏មានឥទ្ធិពល នៅក្នុងតំបន់អាស៊ានមួយនេះ ចង់លើយកបញ្ហានេះ មកពិភាក្សាជាបន្ទាន់មួយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ករណីនេះ លោកប្រធានាធិបតី Jokowi នឹងជួបពិភាក្សាជាបន្ទាន់មួយជាមួយនឹងស្ដេច Sultan នៃប្រទេសប្រ៊ុយណេ Darussalam ដែលជាប្រធានអាស៊ានបច្ចុប្បន្ន។
ប្រទេសភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិ កាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលមេដឹកនាំយោធា នៃប្រទេសនេះ បានធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់ពីរដ្ឋប្រហារ មិនទាន់បានប៉ុន្មានថ្ងៃផង ប្រជាលពលរដ្ឋភូមា រួមមាន សាស្រ្ដចារ្យ ក្រុមគ្រូពេទ្យ និស្សិត សិស្ស និងមន្រ្ដីរដ្ឋការ បានចេញមកតាមដងផ្លូវ នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានេះ។ ដោយសារតែមានការភ័យខ្លាច មិនបានសម្រេចតាមបំណងនោះ ក្រុមមេដឹកនាំរដ្ឋប្រហារបានប្រើប្រាស់កងកម្លាំងសន្ដិសុខ ចេញមកបង្ក្រាបយ៉ាងបង្ហូរឈាមមកលើប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ជាង២០០នាក់ និងរាប់រយនាក់បាត់ខ្លួន ហើយមនុស្សជាង២៥០០នាក់ផ្សេងទៀត ត្រូវចាប់ឃុំឃាំង។
អំពើហិង្សាយ៉ាងឃោរឃៅនេះ នាំឲ្យមានការថ្កោលទោសពីអង្គកាសហប្រជាជាតិ និងសហគមន៍អន្ដរជាតិយ៉ាងខ្លាំង។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានបង្កកលុយរបស់ក្រុមយោធា និងធនាគារជាតិភូមារាប់ពាន់លានដុល្លារ។ ដោយឡែកសហភាពអឺរ៉ុបក៏បានថ្កោលទោសយ់ាងខ្លាំង ហើយនឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មនេះផងដែរ៕