ក្រសួងកសិកម្ម កំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត” ដោយប្រើប្រាស់ទឹកមេជីវិតគោបង្កកនាំចូលនិងផលិតក្នុងស្រុក ដើម្បីកែលម្អនិងបង្កើនផលិតកម្មគោនាពេលអនាគត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នប្រជាកសិករចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្ម ចិញ្ចឹមក្នុងទ្រុង ក្រោល ឬក្នុងកសិដ្ឋានដោយអនុវត្តទៅតាមគោលការណ៍ ៣ សំខាន់គឺ៖ ពូជ ចំណី និងការថែទាំ ។
ឯកឧត្តម បានបន្តថា ក្រសួងកសិកម្មបានរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជគោ ដោយត្រូវជ្រើសរើសពូជគោល្អៗមកបង្កាត់ ធ្វើយ៉ាងណាឱ្យស្របតាមតម្រូវការសាច់និងផលិតផលសាច់ ធានាបាននូវគុណភាពនិងសុវត្ថិភាព ជាពិសេសត្រូវជ្រើសរើសពូជគោល្អៗដែលអាចធន់ទ្រាំបានឬអាចសម្របខ្លួន ឬរស់នៅបានក្នុងស្ថានភាពតំបន់ត្រូពិច និងមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ ដើម្បីធ្វើការណែនាំឬបង្កាត់ពូជជូនកសិករ ។
ឯកឧត្តម បានបន្ថែមថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត” ដោយប្រើប្រាស់ទឹកមេជីវិតគោបង្កកនាំចូល និងផលិតក្នុងស្រុក ដោយសារការបង្កាត់គោដោយសិប្បនិម្មិតនេះមានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជាកូនគោមានគ្រោងឆ្អឹងធំ ចិញ្ចឹមធំធាត់លឿន មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាងការចម្លងជំងឺពីបា ទៅមេ ឬពីមេទៅបា ចំណេញពេលវេលា មានលក្ខណៈសាមញ្ញ សុវត្ថិភាពសម្រាប់អ្នកប្រតិបត្តិ ងាយដឹកជញ្ជូនមេជីវិត ទៅដល់ទីជនបទជាដើម។
បច្ចុប្បន្នគម្រោងនេះ បានគ្របដណ្តប់លើខេត្តគោលដៅចំនួន ១២ មានខេត្ត ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តរមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ហើយប្រជាកសិករក៏ដូចជាម្ចាស់កសិដ្ឋាន បានសហការចូលរួមទទួលយកសេវាបង្កាត់នេះយ៉ាងសស្រាក់សស្រាំនៅទូទាំងខេត្តគោលដៅ ។
សូមបញ្ចាក់ថា គិតចាប់តាំងពីឆ្នាំ២០១៩ដល់ខែមីនា ឆ្នាំ២០២១នេះ គម្រោងសម្រេចបង្កាត់គោបានសរុបចំនួន ៧៤២៣ក្បាល និងកូនកើតបានចំនួន៤៨៣៣ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក ។ ជាងនេះទៅទៀត គម្រោងផលិតទឹកមេជីវិតបង្កកបាន៥៥៦០ដើម ផលិតទឹកអាសូត និងចែកចាយបាន ១០០០០លីត្រ បានបណ្តុះបណ្តាលនិងអនុវត្តបច្ចេកទេសជាក់ស្តែង អំពីការបង្កាត់សិប្បនិម្មិត ជូនដល់មន្រ្តីជំនាញនៃខេត្តគោលដៅសរុបចំនួន២១នាក់ ៕