ខេត្ដរតនគិរី៖ មន្ទីរសុខាភិបាលខេត្តរតនគិរី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីបំភ្លឺព័ត៌មានថា យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានាដែលបានចុះផ្សាយនាពេលកន្លងមកពាក់ព័ន្ធករណីរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានដឹកជញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹម ម៉ក់ អាយុ៣១ ឆ្នាំ នៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី មិនបានដល់លំនៅដ្ឋាននៃសព។
ពាក់ព័ន្ធការចុះផ្សាយខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី សូមធ្វើការបំភ្លឺ ព័ត៌មានជូនសារធារណជន អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានា ឲ្យបានជ្រាបថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ មន្ទីរពេទ្យបង្អែកខេត្ត បានអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះ ម៉ាកឡង់គ្រីស័រស្លាកលេខរដ្ឋ ១២-២-០១២៩ បើកបរ ដោយឈ្មោះ អ៊ិ ន ប៊ុនឡេង បានដឹកជញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹម ម៉ក់ អាយុ ៣១ឆ្នាំ ទៅលំនៅដ្ឋាន នៃសព ដែលស្ថិតនៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។ លុះដល់ចំណុចត្រង់ស្ពានអូរលីង ស្ថិតនៅក្បែរភូមិឈួន ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី អ្នកបើកបររថយន្ត ឈ្មោះ អ៊ិន ប៊ុនឡេង បានសម្រេចចិត្តដាក់សពស្ត្រីឈ្មោះ គឹម ម៉ក់ អាយុ ៣១ ឆ្នាំ ចុះដោយឯកឯង។ ហើយសពរបស់ស្ត្រីនោះ ត្រូវបានក្រុមគ្រួសារដឹកជញ្ជូនបន្តដោយម៉ូតូទៅលំនៅដ្ឋានរបស់ខ្លួន។
មន្ទីរសុខាភិបាលខេត្តរតនគិរី បញ្ជាក់ថា «ក្នុងករណីនេះ វាជាទង្វើផ្ទាល់របស់សាមីខ្លួនអ្នកបើកបរដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព។ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើង»។
ជាមួយនេះ មន្ទីរសុខាភិបាលខេត្ត អះអាងថា «មន្ទីរ បាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាល ស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ»៕