ខេត្តបន្ទាយមានជ័យ ៖ កំលាំងអាវុធហត្ថស្រុកមង្គលបូរី ឃាត់ខ្លួន ជនសង្ស័យវ័ក្មេង ៥នាក់ទិញថ្នាំញៀនយ៉ាងច្រើនយកមកទុកជក់។
ការឃាត់ខ្លួនដឹកនាំដោយលោក អនុសេនីយ៍ឯក ចាន់ រដ្ឋា មេការកងរាជអាវុធហត្ថស្រុកមង្គលបូរីចុះធ្វើការឃាត់ខ្លួននៅចំណុចវាលស្រែ ស្ថិតនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន៤កូនថង់ ទម្ងន់១,៧៥ក្រាម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ០១គ្រឿង និងសម្ភារៈវិចខ្ចប់ ព្រមទាំងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
លោក អនុសេនីយ៍ឯក ចាន់ រដ្ឋាបានបញ្ជាក់ឲ្យដឹងទៀតថា៖
ជនសង្ស័យ១មានឈ្មោះ ឡេង ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ២ឈ្មោះ រឿង សុបិន ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ៣ឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៤ឈ្មោះ កែវ វួយហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្ត៥ឈ្មោះ ម៉ៅ លីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនមកការិយាល័យបង្ក្រាបគ្រឿងញៀនអាវុធហត្ថខេត្តសាកសួរចម្លើយ និងធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន។
លោក ប៉ាន់ សៀននាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ក្រោយពីសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា ពួកគេបានទិញគឿងញៀនខាងលើមកទុកជក់ជាក្រុមតែម្តង
ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕