ភ្នំពេញ៖ យុវជន២នាក់ ខណៈដែលអាណាព្យាបាលមកសុំប្រធានមណ្ឌលយកពួកគេទៅផ្ទះវិញ មិនដឹងមូលហេតុអ្វី ស្រាប់តែពួកគេនាំគ្នាផ្លោះរបងរត់ចេញពីមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ដោយឡើងលើដំបូលសំយាបផ្ទះប្រជាពលរដ្ឋ រហូតបុគ្គលិកមណ្ឌលស្តារនីតិសម្បទា និងអាណាព្យាបាលនាំគ្នាអង្វរលួងលោម អស់រយៈពេលជាច្រើនម៉ោង ទើបពួកគេព្រមចុះមកក្រោមវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
យុវជនទាំង២នាក់ខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាង បានឱ្យដឹងថា យុវជនទាំង២នាក់នេះត្រូវបានអាណាព្យាបាលយកមកដាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាប អ្នកញៀនគ្រឿងញៀន (ឌីធីអេ) ហើយនៅថ្ងៃកើតហេតុខាងអាណាព្យាបាលបានមកស្នើសុំខាងមណ្ឌលខាងលើ ដើម្បីយកកូនពួកគាត់ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែពួកគេទាំង២នាក់នាំគ្នាផ្លោះរបងរត់ចេញពីក្នុងមណ្ឌល ឡើងទៅលើដំបូលសំយាបផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ដោយដៃមានកាន់កាំបិត និងដែកទីបទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។
តែពួកគេទាំងពីរនាក់មិនព្រមចុះមកទេ បើទោះបីជាកម្លាំងសមត្ថកិច្ច និងសន្តិសុខនៅមណ្ឌលនោះព្យាយាមលួងលោមយ៉ាងណា ។ រហូតដល់បុគ្គលិកនៅមណ្ឌល យកលិខិតរបស់អាណាព្យាបាលពួកគេដែលស្នើសុំយកពួកគេចេញពីមណ្ឌល យកទៅផ្ទះវិញ ដាក់ជណ្ដើរឡើងទៅឱ្យពួកគេទាំង២នាក់ផ្តិតមេដៃ ហើយប្រាប់ថា គ្មាននរណាធ្វើអីទេ ចុះមក ទៅផ្ទះវិញ តាមការស្នើសុំរបស់អាណាព្យាបាល ក៏ពួកគេមិនចុះមកដែរ។
អស់រយៈពេលជិត៣ម៉ោង ដោយមានអាណាព្យាលពួកគេ មកជួយអង្វរលួងលោម ទើបពួកគេព្រមចុះមកក្រោមវិញ ហើយបានឡើងជិះម៉ូតូ និងរថយន្តរបស់អាណាព្យាបាល ចេញទៅផ្ទះរៀងៗខ្លួន៕