វ៉ាស៉ីនតោន៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែចាត់ទុកថា ប្រទេសកូ រ៉េខាងជើងនៅតែជាប្រទេសមួយគំរាមកំហែងដ៏ធំបំផុតដល់ខ្លួន និងប្រទេសទាំង ឡាយដែលជាសម្ព័ន្ធស្ថិតនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ។ នេះបើយោងតាមសារព័ត៌មាន Yonhap ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។
បើតាមលោក ហ្វីល ដេវីដសុន (Phil Davidson)មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក បានថ្លែងថា កូរ៉េខាងជើងកំពុងបង្កហានិភ័យផ្នែកសន្តិសុខខ្លាំងក្លាបំផុត ចំពោះសហរដ្ឋអាមេរិក និងបណ្តាដៃគូយើងនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ ប្រទេសនេះមិនបានចាត់វិធានការ ដ៏មានអត្ថន័យណាមួយ ដើម្បីឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែររបស់ខ្លួននោះឡើយ ទោះមានសញ្ញានៃថុះអន់ថយនូវភាពតានតឹង កាលពីក្នុងឆ្នាំ២០១៨ក៏ដោយ ។
អ្វីដែលលោកហ្វីល ដេវីដសុន មានការព្រួយបារម្ភនោះដោយសារកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍ ប្រព័ន្ធសព្វាវុធមីស៉ីល-នុយក្លេអ៊ែរ ដែលរចនាឡើងជាពិសេស សម្រាប់វាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក ។ ស្របពេលដែលលោក គីម ជុងអ៊ុន ទើបតែបានបង្ហាញជំហរតតាំងជាថ្មីម្តងទៀតចំពោះអាមេរិក ដោយកាលពីដើមឆ្នាំ២០២១នេះ លោក គីម បានប្រកាសចាត់ទុក អាមេរិកជាគូសត្រូវធំបំផុតរបស់កូរ៉េខាងជើង ហើយប្តេជ្ញាពង្រឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន ។
បើទោះបីយ៉ាងណាក្តីលោកបញ្ជាក់ថា បើនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅតែមិនទាន់អាចដោះស្រាយរួចទេនោះ កូរ៉េខាងជើងនឹងនៅតែជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសហរដ្ឋអាមេរិកផ្ទាល់ និងបណ្តាសម្ព័ន្ធមិត្ត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកនេះ ៕