ភ្នំពេញ៖ ក្រសួងកិច្ចការនារី សម្តែងការកោតសរសើរ ចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ក្នុងឋានៈជាម្តាយ និងតួនាទីក្នុងអង្គភាព ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។
ប្រភពខាងលើនេះបានជម្រាបបន្ថែមថា ការបំបៅដោះកូន ដោយទឹកដោះម្តាយ សម្រាប់កុមារទាំងអស់ រហូតដល់អាយុ២ឆ្នាំ និងលើសពីនេះ គឺជាចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាព និងការអភិវឌ្ឍកុមារតួច ដើម្បីឈានទៅអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់-កាលទី៤ ។
ទន្ទឹមនឹងការកោតសរសើរនេះក្រសួងក៏អំពាវនាវឲ្យស្ថាប័ន-អង្គភាព ដែលមានស្រ្តីជាមន្ត្រីក្រោមឱវាទ ឬជាបុគ្គលិកបំពេញការងារ គួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន ដើម្បីអនុញ្ញាតឲ្យស្ត្រីដែលមានកូនតូច អាចបំពេញការងារផង និងបំពេញតួនាទីជាម្តាយផង ។ ក្នុងករណី ស្ថាប័នមិនទាន់មានទីកន្លែងសមរម្យ ស្ដ្រីសាមីគួរមានឧបករណ៍ ដូចជាក្រម៉ា ឬកន្សែង ដើម្បីអនុញ្ញាតឲ្យការបំបៅដោះកូននេះ អាចប្រព្រឹត្តិទៅដោយ ភាពសមរម្យ និងរលូន ដើម្បីផ្តល់តម្លៃ និងកិត្តិយសរបស់ស្ត្រី ៕