ខេត្តស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួន ដល់លោកស្រីអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០២១ លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង ក៏បានធ្វើពិធីជូនកាដូ និងថវិកាជូនលោកស្រី ព្រមទាំងដល់នគរបាលជានារី និងជូនពរបងប្អូននារីៗ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។
បន្ទាប់ពីមានករណីកើតឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ ក៏បានចេញមកពន្យល់ករណីនេះ។ នាយឧត្តមសេនីយ៍បន្តថា ដូច្នេះករណីរបស់ស្ត្រីនគរបាលចរាចរណ៍បំបៅដោះកូននៅខេត្តស្ទឹងត្រែង ទោះប្រើប្រាស់ឯកសណ្ឋានកងកម្លាំងក្តី គឺមិនមានអ្វីខុសឆ្គងទេ ជាកាតព្វកិច្ចរបស់ស្ត្រីគ្រប់រូប ប៉ុន្តែរាល់ការផ្តល់ព័ត៌មាន ឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុនពី ប្រធានអង្គភាពរបស់ខ្លួនជាមុនសិន។ ប៉ុន្តែ «ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យ គឺគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារបានត្រឹមត្រូវ»៕